ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោសារីបុត្ត ការដឹងណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ចុះសុខក្នុងព្រះនិព្វាននុ៎ះ តើដូចម្ដេច។ ម្នាលអាវុសោ ការដឹងណា ក្នុងព្រះនិព្វាននុ៎ះ មិនមានទេ ហ្នឹងហើយជាសុខក្នុងព្រះនិព្វាននុ៎ះឯង។ ម្នាលអាវុសោ កាមគុណទាំងឡាយនេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ សំឡេងដែលគប្បីដឹងដោយត្រចៀក។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ រសដែលគប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ។ ម្នាលអាវុសោ កាមគុណមាន ៥ យ៉ាងនេះឯង។ ម្នាលអាវុសោ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យនូវកាមគុណ ៥ យ៉ាងនេះ ម្នាលអាវុសោ នេះហៅថា កាមសុខ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ (ការធ្វើទុកក្នុងចិត្តនូវសញ្ញា) ប្រកបដោយកាម ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។
ID: 636854888687982972
ទៅកាន់ទំព័រ៖