ព្រះត្រៃបិដក ភាគ ៤៩
ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី ២ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាដ៏ផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលមេឃិយៈ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកប្រារព្ធ នូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី៤ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។
ID: 636854848384657754
ទៅកាន់ទំព័រ៖