ព្រះត្រៃបិដក ភាគ ៤៩
មេគោនោះ មិនទាន់ឈរជើងមុខឲ្យស៊ប់ស្រួល ហើយលើកនូវជើងខាងក្រោយឡើង មេគោនោះ មិនគប្បីទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅបានផង មិនគប្បីទំពាស៊ីនូវស្មៅដែលខ្លួនមិនធ្លាប់ទំពាស៊ីបានផង មិនគប្បីផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកបានផង មេគោនោះ ឈរក្នុងប្រទេសណា តែងមានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ មិនគប្បីត្រឡប់មកកាន់ប្រទេសនោះ ដោយសួស្ដីបានវិញទេ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះតែមេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ក្នុងការស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់ ក៏យ៉ាងនោះដែរ។
ID: 636854889983177053
ទៅកាន់ទំព័រ៖