ព្រះត្រៃបិដក ភាគ ៤៩
ភិក្ខុនោះ មិនសេព មិនចំរើន មិនធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ មិនតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនអាចដើម្បីរម្ងាប់វិតក្កៈវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ហើយ ដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់។ ភិក្ខុនោះ មិនអាចស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈានហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ជាអ្នកដឹងផង ជាអ្នកអង់អាចផង ជាអ្នកសាបសូន្យចាកកាម និងអកុសលធម៌ទាំងពីរផង ដូចជាមេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ។
ID: 636854890142526167
ទៅកាន់ទំព័រ៖