ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏គួរដល់នូវតតិយជ្ឈាននោះ។ ភិក្ខុនោះ មិនបានសម្រេចនូវតតិយជ្ឈាន ព្រោះនឿយណាយចាកបីតិ។បេ។ បានដល់នូវតតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុនផង ហើយគួរដល់នូវចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានតែសតិដ៏បរិសុទ្ធ កើតអំពីឧបេក្ខា។ ភិក្ខុនោះ មិនបានសម្រេចចតុត្ថជ្ឈាន ព្រោះលះបង់នូវសុខផង។បេ។ បានដល់នូវចតុត្ថជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង អស់ទៅនៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយគួរដល់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ។
ID: 636854890816034690
ទៅកាន់ទំព័រ៖