ព្រះត្រៃបិដក ភាគ ៤៩
គួរដល់ភាវនាកម្ម សមាធិដែលមានប្រមាណមិនបានដោយចិត្ត ក៏ទន់គួរដល់ភាវនាកម្ម ឈ្មោះថា ភិក្ខុនោះ បានចំរើនហើយ ដោយប្រពៃ ភិក្ខុនោះ ក៏បង្អោនចិត្តទៅចំពោះធម៌ណា ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយសមាធិ ដែលមានប្រមាណមិនបាន ដែលខ្លួនបានចំរើន ដោយប្រពៃ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ បាន។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីសំដែងនូវការតាក់តែងឫទិ្ធបានច្រើនប្រការ គឺ អាត្មាអញតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬអាត្មាអញច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន។បេ។ អាត្មាអញ ធ្វើអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈ ដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាដោយសោតធាតុជាទិព្យ។បេ។ កាលបើហេតុមានហើយ។ បើភិក្ខុនោះ ប្រាថ្នាថា អត្មាអញគប្បីកំណត់ដឹងចិត្ត របស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី អាត្មាអញ ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្ដី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី
ID: 636854891472142217
ទៅកាន់ទំព័រ៖