ព្រះត្រៃបិដក ភាគ ៤៩
បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរចំពោះធម៌នោះ ព្រោះសេចក្ដីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែលតថាគតពោលហើយថា តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាន ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាសមាបត្ដិ មាននៅដរាបណា សញ្ញាបដិវេធៈ ក៏មាននៅដរាបនោះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឈាន ព្រោះអាស្រ័យនូវអាយតនៈទាំងពីរណា គឺនេវសញ្ញានាសញ្ញាយតនសមាបត្ដិ ១ សញ្ញាវេទយិតនិរោធ ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវអាយតនៈទាំងនុ៎ះថា ភិក្ខុដែលមានឈាន ឈ្លាសវៃ ក្នុងការចូលកាន់សមាបត្តិ ឈ្លាសវៃក្នុងការចេញចាកសមាបត្តិ គួរពោលថា ចូលចេញដោយប្រពៃ។
ID: 636854893764093309
ទៅកាន់ទំព័រ៖