ព្រះត្រៃបិដក ភាគ ៤៩
[៣៧] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ មានថេរវាចានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលតបព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់ ម្នាលអាវុសោទាំងឡាយ ចំឡែកណាស់ ព្រោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គត្រាស់ដឹងនូវការបាននូវឱកាស ដើម្បីសេចក្ដីបរិសុទ្ធ ដើម្បីកន្លងបង់នូវសេចក្ដីសោក និងខ្សឹកខ្សួល ដើម្បីរលត់ទុក្ខ និងទោមនស្ស ដើម្បីបាននូវព្រះនិព្វាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន របស់សត្វទាំងឡាយ (ការបាននូវឱកាសនោះគឺ) ចក្ខុប្បសាទនោះ ក៏មាន រូបទាំងឡាយនោះ មកកាន់រង្វង់ចក្ខុ តែមិនទទួលដឹងចំពោះរូបាយតនៈនោះ ១ សោតប្បសាទ ក៏មាន សម្លេងទាំងឡាយនោះក៏មក តែមិនទទួលដឹងចំពោះសទ្ទាយតនៈនោះ ១ ឃានប្បសាទនោះ ក៏មាន សំឡេងទាំងឡាយនោះ ក៏មក តែមិនទទួលដឹងចំពោះគន្ធាយតនៈនោះ ១
ID: 636854893983735872
ទៅកាន់ទំព័រ៖