ព្រះត្រៃបិដក ភាគ ៤៩
ម្នាលព្រាហ្មណ៍ទាំងឡាយ ណ្ហើយកុំសួរត្រង់ពាក្យថា បណ្ដាញាណវាទៈទាំងពីរ និងវិបច្ចនិកវាទៈ ទៅវិញទៅមកទាំងពីរនេះ តើវាទៈណាពិត វាទៈណាកុហក ដូច្នេះនុ៎ះ ចូរផ្អាកទុកទៅចុះ ម្នាលព្រាហ្មណ៍ទាំងឡាយ តថាគតនឹងសំដែងធម៌ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់ធម៌នោះសិន ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រាហ្មណ៍ទាំងនោះ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ទាំងឡាយ ដូចបុរស ៤ នាក់ ឈរនៅក្នុងទិសទាំង ៤ ដែលបរិបូណ៌ដោយដំណើររបស់បុរសផង ដោយសន្ទុះផង ដោយជំហានជើងដ៏រហ័សក្រៃលែងផង ជាអ្នកប្រកបដោយសន្ទុះ មានសភាពយ៉ានេះឯង (ក្នុងបុរសម្នាក់ ៗ សុទ្ធតែជាអ្នកប្រកប) ដោយជំហានជើង (ដែលអាចដើរឆ្លងចក្កវាឡ ដោយឆាប់រហ័សបាន) មានភាពដូចជាខ្មាន់ធ្នូដែលខ្លាំងពូកែ បានសិក្សារួចហើយ មានដៃស្ទាត់ហើយ ធ្លាប់ចូលចំណោមហើយ ក៏យកព្រួញដ៏ស្រាល បាញ់ស្រមោលដើមត្នោត ត្រង់ពាក់កណ្ដាលដើម ដោយមិនលំបាកដូច្នោះឯង មានតួយ៉ាងដូចសមុទ្រទិសខាងកើត និងសមុទ្រទិសខាងលិច គ្រានោះ បុរសដែលឈរក្នុងទិសខាងកើត និយាយយ៉ាងនេះថា អញនឹងដើរទៅឲ្យដល់ទីបំផុតនៃលោក
ID: 636854895055527175
ទៅកាន់ទំព័រ៖