ព្រះត្រៃបិដក ភាគ ៤៩

​ភិក្ខុ​នេះ​ ​មិនទាន់​រលាស់​ចេញ​ចាកលោក​បាន​ផង​ ​ដូច្នេះ​ដែរ​។​
 ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​កន្លង​បង់​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​សញ្ញា​វេទយិត​និរោធ​។​ ​អាសវៈ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​យល់ឃើញ​ដោយ​ប្រាជ្ញា​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ដល់ទីបំផុត​នៃ​លោក​ ​ឋិតនៅ​ក្នុង​ទីបំផុត​នៃ​លោក​ ​បាន​ឆ្លង​ ​ផុត​នូវ​តណ្ហា​ក្នុង​លោក​ហើយ​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានរឿង​ពីព្រេងនាយ​មក​ថា​ ​សង្រ្គាម​នៃ​អសុរ​ ​មួយអន្លើដោយ​ពួក​ទេវតា​ ​ជា​សង្រ្គាម​តទល់​ ​ប្រឡូក​កៀក​គ្នា​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សង្រ្គាម​នោះ​ឯង​ ​ពួក​អសុរ​ឈ្នះ​ ​ពួក​ទេវតា​ចាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​ទេវតា​បរាជ័យ​ហើយ​ ​ក៏បាន​រត់​ឆ្ពោះ​មុខ​ទៅកាន់​ទិសខាងជើង​ ​ពួក​អសុរ​ក៏​ដេញ​តាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​ទេវតា​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​អសុរ​ ​នាំគ្នា​នៅតែ​ដេញ​តាម​មិនលែង​សោះ​ ​បើដូច្នេះ​ ​គួរតែ​ពួក​យើង​តយុទ្ធ​នឹង​ពួក​អសុរ​ឲ្យអស់​ពីរ​គ្រា​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636854896208393115
ទៅកាន់ទំព័រ៖