ព្រះត្រៃបិដក ភាគ ៤៩
ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី ទំពាស៊ីមែកឈើបាក់ ដែលដំរីដ៏ប្រសើរនៅក្នុងព្រៃខ្វល់ខ្វាយរកចំណី បានកាច់បំបាក់ ខ្ទេចខ្ទីហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ តែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរនៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីឈ្មោលក្តី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី តែងទៅកូរទឹក ដោយប្រមោយមុន ៗ (ជាងដំរីនោះ) ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរនៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីញីទាំងឡាយ តែងដើរដដុសកាយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ មានសេចក្ដីត្រិះរិះយ៉ាងនេះថា ក្នុងកាលឥឡូវនេះ អញនៅច្រឡូកច្រឡំ ដោយដំរីឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញតែងទំពាស៊ីស្មៅ ដែលដំរីទាំងនោះកាត់ចុងផង
ID: 636854897457414555
ទៅកាន់ទំព័រ៖