ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោសក្នុងកាមទាំងឡាយ អញមិនទាន់ឃើញទេ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេក្ខម្មៈ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងកាមទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបានអានិសង្ស ក្នុងនេក្ខម្មៈហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនុ៎ះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោស ក្នុងកាមទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនេក្ខម្មៈហើយ ក៏សេពគប់អានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈឡើង
ID: 636854899273478428
ទៅកាន់ទំព័រ៖