ព្រះត្រៃបិដក ភាគ ៤៩
ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោសក្នុងវិតក្កជ្ឈានទាំងឡាយ អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងអវិតក្កជ្ឈាន អញមិនទាន់បានទេ ទាំងអានិស្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្កជ្ឈាន ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងវិតក្កជ្ឈានទាំងឡាយហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បើបាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ គប្បីសេពគប់នូវអានិសង្សនោះ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា កាលអញយល់ឃើញថា អវិតក្កជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ក្នុងអវិតក្កជ្ឈានបាន ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញនូវទោសក្នុងវិតក្កជ្ឈានទាំងឡាយហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងអវិតក្កជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ
ID: 636854899705223122
ទៅកាន់ទំព័រ៖