ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​អានន្ទ​ ​កាល​តថាគត​យល់ឃើញ​ថា​ ​អ​វិតក្ក​ជ្ឈាន​នុ៎ះ​ ​ជា​របស់​ស្ងប់​ដូច្នេះ​ ​ចិត្ត​ក៏​ត្រឡប់ជា​ស្ទុះ​ទៅ​ ​ជ្រះ​ថា្ល​ ​តាំងនៅ​ ​ចុះ​ស៊ប់​ក្នុង​អ​វិតក្ក​ជ្ឈាន​ឡើង​ ​ម្នាល​អានន្ទ​ ​តថាគត​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ហើយ​ចូលកាន់​ទុតិយជ្ឈាន​។​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​ប្រព្រឹត្ត​នៅ​ដោយ​វិហារធម៌​នេះ​ ​សញ្ញា​ ​និង​មនសិ​កា​រៈ​ ​ប្រកបដោយ​វិតក្កៈ​ ​ក៏​ជ្រួលច្រាល់​ឡើង​ ​ការ​ជ្រួលច្រាល់​នៃ​សញ្ញា​ ​និង​មនសិ​កា​រៈ​នោះ​ ​ទុកជា​អាពាធ​របស់​តថាគត​ ​ម្នាល​អានន្ទ​ ​សេចក្ដីទុក្ខ​ ​គប្បី​កើតឡើង​ដល់​បុគ្គល​ដែល​ធ្លាប់​មាន​សេចក្ដីសុខ​ ​សេចក្ដីទុក្ខ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​អាពាធ​ជា​កំណត់​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​មាន​ឧបមេយ្យ​ដូច​សញ្ញា​ ​និង​មនសិ​កា​រៈ​របស់​តថាគត​ ​ប្រកបដោយ​វិតក្កៈ​ ​ដែល​ជ្រួលច្រាល់​ឡើង​ ​ការ​ជ្រួលច្រាល់​នៃ​សញ្ញា​ ​និង​មនសិ​កា​រៈ​នោះ​ ​ទុកជា​អាពាធ​របស់​តថាគត​ ​ដូច្នោះឯង​។​
 ម្នាល​អានន្ទ​ ​តថាគត​ ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​អញ​គួរ​ជា​អ្នក​ព្រងើយកន្តើយ​ ​ព្រោះ​ប្រាសចាក​បីតិ​ផង​ ​ជា​អ្នក​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ផង​ ​សោយ​សេចក្ដីសុខ​ ​ដោយ​នាមកាយ​ផង​ ​រួច​ចូលកាន់​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​សរសើរ​ថា​ ​បុគ្គល​អ្នក​ដល់​តតិយជ្ឈាន​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​មានស្មារតី​នៅជា​សុខ​។​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636854899909044780
ទៅកាន់ទំព័រ៖