ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអានន្ទ លុះសម័យខាងក្រោយមក តថាគតនោះ ឃើញទោសក្នុងបីតិហើយ ក៏ធ្វើនូវការឃើញទោសនោះឲ្យច្រើន បានអានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ ក៏សេពគប់នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគតយល់ឃើញថា និប្បីតិកជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនិប្បីតិកជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង ព្រោះប្រាសចាកបីតិផង។បេ។ ក៏បានចូលកាន់តតិយជ្ឈាន។ ម្នាលអានន្ទ តថាគត កាលប្រព្រឹត្តនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយបីតិ ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយបីតិ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគតដូច្នោះឯង។ ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានឧបេក្ខាដ៏បរិសុទ្ធ ដោយសតិ ព្រោះលះបង់សេចក្ដីសុខផង លះបង់សេចក្ដីទុក្ខផង វិនាសសោមនស្ស និងទោមនស្សផង ក្នុងកាលមុន។
ID: 636854900313177895
ទៅកាន់ទំព័រ៖