ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ ដូច្នេះ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱទោស ក្នុងសេចក្ដីសុខក្នុងឧបេក្ខា អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ អញមិនទាន់បានទេ ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញយល់ឃើញថា ចតុត្ថជ្ឈានដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើអញឃើញទោស ក្នុងសេចក្ដីសុខ ក្នុងឧបេក្ខាហើយ គប្បីធ្វើនូវការឃើញទោសនោះឲ្យច្រើន បាននូវអានិសង្ស ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ គប្បីសេពគប់នូវអានិសង្សនោះ
ID: 636854900483807655
ទៅកាន់ទំព័រ៖