ព្រះត្រៃបិដក ភាគ ៤៩
ភិក្ខុនោះឈ្មោះថា ជាអ្នកពេញដោយអង្គនោះ។ ព្រះដ៏មានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ លុះ ព្រះសុគត ទ្រង់ពោលពាក្យនេះហើយ ក៏ក្រោកចាកអាសនៈ ចូលទៅកាន់វិហារ។ គ្រានោះ ព្រះនន្ទកៈដ៏មានអាយុ កាលព្រះដ៏មានព្រះភាគ ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ គ្រប់ទាំងអស់ ដោយបទទាំងឡាយ ៤ ហើយទ្រង់ស្តេចក្រោកចាកអាសនៈ ចូលទៅកាន់វិហារ ត្រាស់ថា ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធា តែគ្មានសីល កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវតែបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង មិនដូច្នោះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា ពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនបាននូវចេតោសមាធិ ខាងក្នុងសន្តាន។បេ។ បាននូវចេតោសមាធិ ខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញដោយអង្គនោះ
ID: 636854850050503035
ទៅកាន់ទំព័រ៖