ព្រះត្រៃបិដក ភាគ ៤៩
ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគត ម្នាលអានន្ទ សេចក្តីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលធ្លាប់មានសេចក្តីសុខ សេចក្តីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។
ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញ ដូច្នេះថា
ID: 636854901870486968
ទៅកាន់ទំព័រ៖