ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអានន្ទ កាលតថាគតយល់ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាននោះ ជារបស់ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។ ម្នាលអានន្ទ កាលតថាគតនៅដោយវិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធរបស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលធ្លាប់មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បីអាពាធជាកំណត់ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចសញ្ញា និងមនសិការៈរបស់តថាគត ប្រកបដោយវិញ្ញាណញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់នៃសញ្ញា និងមនសិការៈនោះ ទុកជាអាពាធ របស់តថាគតដូច្នោះឯង។
ID: 636854902297451389
ទៅកាន់ទំព័រ៖