ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមានក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ទីចង្អៀត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ តើដូចម្ដេច។ កាលណាបើនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ មិនទាន់រលត់ទៅទេ កាលនោះ ភាពមិនរលត់ទៅនៃនេវសញ្ញានាសញ្ញាយតនសញ្ញានេះ ឈ្មោះថាទីចង្អៀត ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ ការត្រាស់ដឹងនូវឱកាសក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។
ID: 636854907460706711
ទៅកាន់ទំព័រ៖