ព្រះត្រៃបិដក ភាគ ៤៩
[៤៣] ម្នាលអាវុសោ ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សំដែងថា កាយសក្ខិ កាយសក្ខិ ដូច្នេះ ម្នាលអាវុសោ កាយសក្ខិ ដែលព្រះមានព្រះភាគសំដែងហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន អាយតនៈ គឺបឋមជ្ឈាននោះមាន ព្រោះអាការណា ៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយត្រឹមប៉ុណ្ណេះឯង។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះស្ងប់រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់នូវទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាយតនៈនោះកើត ព្រោះអាការណា ៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា ព្រោះវិនាសនូវបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង អាយតនៈនោះ កើតព្រោះអាការណា ៗ ភិក្ខុក៏ពាល់ត្រូវនូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ
ID: 636854907680409277
ទៅកាន់ទំព័រ៖