ព្រះត្រៃបិដក ភាគ ៤៩

 ​[​៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំយោជនៈ​ ​ជា​ចំណែកខាង​លើ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​សំយោជនៈ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​រូប​រាគៈ​ ​១​ ​អរូប​រាគៈ​ ​១​ ​មានៈ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំយោជនៈ​ ​ជា​ចំណែកខាង​លើ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ ​ដើម្បី​លះបង់​នូវ​សំយោជនៈ​ ​ជា​ចំណែកខាង​លើ​ ​៥​ ​យ៉ាងនេះ​ឯង​។​
 ​[​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​រឹងត្អឹង​នៃ​ចិត្ត​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​សេចក្ដី​រឹងត្អឹង​នៃ​ចិត្ត​ ​៥​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្ដា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្ដា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​ព្យាយាម​រឿយ​ ​ៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​ព្យាយាម​រឿយ​ ​ៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​ ​នេះ​ជា​សេចក្ដី​រឹងត្អឹង​នៃ​ចិត្ត​ ​ទី១​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636854912492954539
ទៅកាន់ទំព័រ៖