ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៥ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ៥ ប្រការ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។
[៥] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៤ យ៉ាង។ ពលៈ ៤ យ៉ាង តើដូចម្តេច។ គឺ បញ្ញាពលៈ ១ វីរិយពលៈ ១ អនវជ្ជពលៈ ១ សង្គហពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញាពលៈ តើដូចម្តេច។ ធម៌ទាំងឡាយណា ជាកុសល រាប់ថាជាកុសល ធម៌ទាំងឡាយណា ជាអកុសល រាប់ថាជាអកុសល ធម៌ទាំងឡាយណា មានទោស រាប់ថាមានទោស ធម៌ទាំងឡាយណា មិនមានទោស រាប់ថាមិនមានទោស ធម៌ទាំងឡាយណា ជាធម៌ខ្មៅ រាប់ថាជាធម៌ខ្មៅ ធម៌ទាំងឡាយណា ជាធម៌ស រាប់ថាជាធម៌ស ធម៌ទាំងឡាយណា មិនគួរសេព រាប់ថាជាធម៌មិនគួរសេព ធម៌ទាំងឡាយណា គួរសេព រាប់ថាជាធម៌គួរសេព ធម៌ទាំងឡាយណា មិនគួរដល់ព្រះអរិយៈ រាប់ថាជាធម៌មិនគួរដល់ព្រះអរិយៈ ធម៌ទាំងឡាយណា គួរដល់ព្រះអរិយៈ រាប់ថាជាធម៌គួរដល់ព្រះអរិយៈ ធម៌ទាំងនោះ បុគ្គលឃើញច្បាស់ ស្ទង់ចុះ ដោយបញ្ញាតាមពិត ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញាពលៈ។
ID: 636854851025308791
ទៅកាន់ទំព័រ៖