ព្រះត្រៃបិដក ភាគ ៤៩
បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងធម៌ទាំងឡាយជាកុសល។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៤។
ID: 636854846325029950
ទៅកាន់ទំព័រ៖