ព្រះត្រៃបិដក ភាគ ៤៩
អើពាក្យនុ៎ះ អ្នកស្តាប់ល្អហើយ រៀនល្អហើយ ធើ្វទុកក្នុងចិត្តល្អហើយ ចាំល្អហើយ ម្នាលសុតវន្តុ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវនេះក្តី តថាគត តែងពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធើ្វស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៩ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រព មិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថាលួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធើ្វនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងឆន្ទាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងទោសាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងមោហាគតិ ១ ភិក្ខុជាខីណាស្រព មិនគួរលុះក្នុងភយាគតិ ១ ម្នាលសុតវន្តុ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវនេះក្តី តថាគត តែងពោលយ៉ាងនេះថា
ID: 636854853725043206
ទៅកាន់ទំព័រ៖