ព្រះត្រៃបិដក ភាគ ៤៩
មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តកន្លងនូវហេតុ ៥ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រពមិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពនូវមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលនូវពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការសន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ ចាំបានល្អហើយ នូវព្រះពុទ្ធដីកានុ៎ះ របស់ព្រះដ៏មានព្រះភាគមែនឬ។ ម្នាលសជ្ឈៈ អើ ពាក្យនុ៎ះ អ្នកបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ បានចាំទុកល្អហើយ។ ម្នាលសជ្ឈៈ ក្នុងកាលពីដើមក្តី ឥឡូវនេះក្តី តថាគតក៏ពោលយ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព ជាអ្នកមានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ
ID: 636854854138006827
ទៅកាន់ទំព័រ៖