ព្រះត្រៃបិដក ភាគ ៤៩

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ប៉ះ​(​១​)​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ខមាទោស​ ​ហើយ​ចៀសចេញ​ទៅកាន់​ចារិក​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ ​១​ ​រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​អាយ​ ​ចូរ​ទៅ​ហៅ​សារីបុត្ត​ ​តាម​ពាក្យ​តថាគត​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ទទួលពាក្យ​ភិក្ខុ​នោះ​ថា​ ​ករុណា​ ​អាវុសោ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​និង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​កាន់​យក​នូវ​កូនសោ​ ​ដើរចូល​ទៅកាន់​វិហារ​ ​ហើយ​និយាយ​ថា​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ទៅ​ឆាប់​ ​លោក​ដ៏​មាន​អាយុ​ ​ទាំងឡាយ​ ​ចូរ​ទៅ​ឆាប់​
​(​១​)​ ​មាន​ដំណាល​ថា​ ​កាល​ព្រះ​សារីបុត្ត​ថ្វាយបង្គំលា​ព្រះ​ទសពល​ញ្ញាណ​ ​ហើយ​ថយចេញ​ពីទី​នោះ​ទៅ​ ​ជាយ​ចីវរ​លោក​ ​ក៏​បក់​ទៅ​ប៉ះ​សរីរៈ​ភិក្ខុ​នោះ​បន្តិច​ ​ព្រោះហេតុនោះ​ ​បាន​ជា​ភិក្ខុ​នោះ​ចងគំនុំ​ ​លុះ​ឃើញ​ព្រះ​សារីបុត្ត​ ​ភិក្ខុ​បរិវារ​ចោមរោម​ច្រើន​ ​ក៏​យក​សេចក្តី​នេះ​ ​ក្រាបបង្គំទូល​ព្រះ​ ​ដើម្បី​ធ្វើឲ្យ​អាក់ខាន​ដំណើរ​នោះ​ ​ដោយ​សេចក្តី​ក្រោធ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636854855362926888
ទៅកាន់ទំព័រ៖