ព្រះត្រៃបិដក ភាគ ៤៩
បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិនស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកក្នុងកាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រព្រះអង្គដ៏ចំរើន ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កញ្ជើ ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។
ID: 636854856087958358
ទៅកាន់ទំព័រ៖