ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នក​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​ពួក​អកុសលធម៌​ចេញ​ ​ដើម្បី​ញុំាង​ពួក​កុសលធម៌​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កម្លាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​ខ្ជាប់ខ្ជួន​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​ ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នកមាន​បញ្ញា​ ​ប្រកបដោយ​បញ្ញា​ ​ដែល​អាច​កំណត់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅ​ ​(​នៃ​ខន្ធ​បញ្ចកៈ​)​ ​ជា​គ្រឿង​ទំ​លាយ​នូវ​កិលេស​ដ៏​ប្រសើរ​ ​ជា​ធម្មជាតិ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​តាំងនៅ​ក្នុង​ធម៌​ទាំង​ ​៥​ ​នេះ​ ​ហើយ​គប្បី​ចំរើន​នូវ​ធម៌​ ​៤​ ​យ៉ាង​តទៅទៀត​ ​គឺ​ ​ចំរើន​អសុភ​ ​ដើម្បី​លះ​រាគៈ​ ​ចំរើន​មេត្តា​ ​ដើម្បី​លះ​ព្យាបាទ​ ​ចំរើន​អា​នា​បាន​ស្ស​តិ​ ​ដើម្បី​ផ្តាច់ផ្តិល​នូវ​វិតក្កៈ​ ​ចំរើន​អនិច្ចសញ្ញា​ ​ដើម្បី​ដក​ចោល​នូវ​អស្មិ​មានៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សំគាល់​ថា​ ​មិនមែន​ខ្លួន​ ​រមែង​ប្រាកដ​ដល់​ភិក្ខុ​អ្នកមាន​សេចក្តី​សំគាល់​ថា​មិន​ទៀង​ ​ភិក្ខុ​អ្នកមាន​សេចក្តី​សំគាល់​ថា​ ​មិនមែន​ខ្លួន​ ​រមែង​ដល់​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿង​ដក​ចោល​នូវ​អស្មិ​មានៈ​ ​ក្នុង​បច្ចុប្បន្ន​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636854846743603891
ទៅកាន់ទំព័រ៖