ព្រះត្រៃបិដក ភាគ ៤៩
ខ្ញុំព្រះអង្គណា និយាយបង្កាច់ព្រះសារីបុត្តដ៏មានអាយុ ដោយពាក្យមិនមែន ជាពាក្យទទេ ជាពាក្យកុហក មិនពិត បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ អត់ទោសតាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសង្រួមតទៅ។ ម្នាលភិក្ខុ អើទោសកំហុស ដែលប្រព្រឹត្តកន្លងនូវអ្នក ព្រោះជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាសយ៉ាងណា អ្នកពោលបង្កាច់សារីបុត្ត ដោយពាក្យមិនមែន ជាពាក្យទទេ កុហក មិនពិត ម្នាលភិក្ខុ កាលណាបើអ្នកឃើញទោសតាមទោស ដែលប្រព្រឹត្តកន្លងហើយ ត្រឡប់ធ្វើឲ្យត្រូវតាមធម៌វិញ តថាគត ក៏អត់ទោសអ្នក បើបុគ្គលណា ឃើញទោសតាមទោស ដែលប្រព្រឹត្តកន្លង ហើយ ត្រឡប់ធ្វើឲ្យត្រូវតាមធម៌វិញ ដល់នូវការសង្រួមតទៅ ម្នាលភិក្ខុ នេះជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយៈ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត លោកចូរអត់ទោសដល់មោឃបុរសនេះចុះ ដ្បិតមោឃបុរសនេះ នឹងបែកក្បាលជា ៧ ភាគ ក្នុងទីនោះឯង។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អត់ទោសដល់លោកដ៏មានអាយុនោះ បើលោកដ៏មានអាយុនោះ និយាយនឹងខ្ញុំព្រះអង្គយ៉ាងនេះ សូមលោកដ៏មានអាយុនោះ អត់ទោសដល់ខ្ញុំព្រះអង្គវិញ។
ID: 636854856604457900
ទៅកាន់ទំព័រ៖