ព្រះត្រៃបិដក ភាគ ៤៩
មិនផុតអំពីបិត្តិវិស័យ មិនផុតអំពីអបាយ ទុគ្គតិ និងវិនិបាតទេ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ មិនត្រេកអរ មិនជំទាស់នឹងភាសិត របស់អន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះមិនត្រេកអរ មិនជំទាស់ហើយ ទើបក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងដឹងនូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់ចាកបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ដើម្បីចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ដូច្នេះថា ការចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរតែអាត្មាអញ ឈៀងចូលទៅឯអារាម របស់ពួកអន្យតិរ្ថិយបរិព្វាជកសិន។
ID: 636854856985969721
ទៅកាន់ទំព័រ៖