ព្រះត្រៃបិដក ភាគ ៤៩
ត្រាច់រង្គាត់ អន្ទោលទៅកាន់ទេវលោក និងមនុស្សលោក ៧ ដងទៀតដោយច្រើន ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៩ កាលធ្វើមរណទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត ពួកអន្យតិរ្ថិយបរិព្វាជកនីមួយ ជាមនុស្សល្ងង់ មិនឈ្លាស ពួកណាខ្លះ នឹងដឹងនូវសឧបាទិសេសបុគ្គល ថាជាសឧបាទិសេសបុគ្គលក្តី នឹងដឹងនូវអនុបាទិសេសបុគ្គល ថាជាអនុបាទិសេសបុគ្គលក្តី។ ម្នាលសារីបុត្ត សឧបាទិសេសបុគ្គល ទាំង៩ ពួកនេះឯង កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត ធម្មបរិយាយនេះ មិនទាន់ភ្លឺច្បាស់ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកានៅឡើយទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ធម្មបរិយាយណា ដែលតថាគតសំដែងហើយ ដោយបញ្ហាធិប្បាយ ពួកជនបានស្តាប់ធម្មបរិយាយនោះហើយ ចូរកុំដល់នូវសេចក្តីប្រមាទ ឡើយ។
ID: 636854857902182125
ទៅកាន់ទំព័រ៖