ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលជាសុខ សូមឲ្យកម្មនោះ ឲ្យផលជាទុក្ខ ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលជាទុក្ខ សូមឲ្យកម្មនោះ ឲ្យផលជាសុខ ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈឲ្យផល សូមឲ្យកម្មនោះ ទៅជាមានវារៈមិនឲ្យផល ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមានវារៈមិនឲ្យផល សូមឲ្យកម្មនោះ ទៅជាមានវារៈឲ្យផលដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។
ID: 636854858261702689
ទៅកាន់ទំព័រ៖