ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលច្រើន សូមឲ្យកម្មនោះ ត្រឡប់ទៅជាឲ្យផលតិច ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលតិច សូមឲ្យកម្មនោះ ត្រឡប់ទៅជាឲ្យផលច្រើន ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាមិនឲ្យផលដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលមិនឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាឲ្យផលដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោមិនបានទេ។
ព្រះមហាកោដ្ឋិតៈដ៏មានអាយុពោលថា កាលដែលខ្ញុំសួរដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលក្នុងបច្ចុប្បន្ន សូមឲ្យកម្មនោះ ឲ្យផលក្នុងបរលោកដល់អាត្មាអញវិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។
ID: 636854858495966088
ទៅកាន់ទំព័រ៖