ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោ នេះជាទុក្ខនិរោធគាមិនីបដិបទា ដែលបុគ្គលមិនបានដឹង មិនបានឃើញ មិនបានដល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានត្រាស់ដឹង បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដើម្បីត្រាស់ដឹងនូវគុណជាតនោះ ម្នាលអាវុសោ នេះឯងជាគុណជាត ដែលបុគ្គលមិនបានដឹង មិនបានឃើញ មិនបានដល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានត្រាស់ដឹង បុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដើម្បីត្រាស់ដឹងនូវគុណជាតនោះ។
[១៤] គ្រានោះ ព្រះសមិទ្ធិដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះសារីបុត្តដ៏មានអាយុ សួរដូច្នេះថា ម្នាលសមិទ្ធិ វិតក្កៈ ជាសង្កប្បៈរបស់បុរស មានអ្វីជាអារម្មណ៍ ទើបកើតឡើង ព្រះសមិទ្ធិឆ្លើយតបថា បពិត្រលោកម្ចាស់ដ៏ចំរើន មាននាម និងរូប ជាអារម្មណ៍។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវភាពផ្សេងគ្នា ក្នុងទីដូចម្តេច។
ID: 636854872514717914
ទៅកាន់ទំព័រ៖