ព្រះត្រៃបិដក ភាគ ៤៩
[១៥] ម្នាលភិក្ខុទាំងឡាយ ដូចបូសរាប់ដោយឆ្នាំមិនតែមួយ មុខដំបៅមាន ៩ គឺ មុខដំបៅដែលមិនមានអ្នកណាទំលាយទាំង ៩ របស់បូសនោះទេ វត្ថុនីមួយគប្បីហូរចេញ របស់មិនស្អាតក៏គប្បីហូរចេញ ក្លិនអាក្រក់ ក៏គប្បីផ្សាយចេញ របស់គួរខ្ពើមក៏គប្បីហូរចេញ វត្ថុនីមួយក៏គប្បីជ្រាបចេញ របស់មិនស្អាតក៏គប្បីជ្រាបចេញ ក្លិនអាក្រក់ក៏គប្បីផ្សាយចេញ របស់ដែលគួរខ្ពើមក៏គប្បីផ្សាយចេញអំពីមុខដំបៅនោះ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បូសនេះ ជាឈ្មោះរបស់កាយ ដែលប្រកបដោយមហាភូតរូប ៤ នេះ មានមាតាបិតា ជាដែនកើត ចំរើនដោយបាយ និងនំកុម្មាស មានសេចក្តីមិនទៀង មានកិរិយាប្រោះព្រំ គក់ច្របាច់ បែកធ្លាយ វិនាសខ្ចាត់ខ្ចាយជាធម្មតា មុខដំបៅមាន ៩ គឺ មុខដំបៅដែលមិនមានអ្នកណាទំលាយទាំង ៩ របស់កាយនោះទេ វត្ថុមួយតែងហូរចេញ របស់មិនស្អាតក៏ហូរចេញ ក្លិនអាក្រក់ក៏ហូរចេញ របស់គួរខ្ពើមក៏ហូរចេញ វត្ថុនីមួយក៏ជ្រាបចេញ របស់មិនស្អាតក៏ជ្រាបចេញ ក្លិនអាក្រក់ក៏ជ្រាបចេញ របស់គួរខ្ពើម ក៏ជ្រាបចេញ អំពីមុខដំបៅនោះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរនឿយណាយក្នុងកាយនេះ។
ID: 636854873096711203
ទៅកាន់ទំព័រ៖