ព្រះត្រៃបិដក ភាគ ៤៩
[១៦] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៩ យ៉ាងនេះ ដែលបុគ្គលចំរើន ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានអមតៈ ជាទីតាំងនៅស៊ប់ មានអមតៈ ជាបរិយោសាន។ សញ្ញា ៩ យ៉ាង តើដូចម្តេចខ្លះ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមាន ៩ យ៉ាងនេះឯង ដែលបុគ្គលចំរើន ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានអមតៈ ជាទីតាំងនៅស៊ប់ មានអមតៈជាបរិយោសាន។
[១៧] ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនទាន់ចូលទៅ ក៏មិនគួរចូលទៅ បើភិក្ខុចូលជ្រុលទៅហើយ ក៏មិនគួរអង្គុយ។ ត្រកូលប្រកបដោយអង្គ ៩ តើដូចម្តេចខ្លះ។ គឺគេមិនក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ មិនថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ មិនឲ្យអាសនៈ ដោយសេចក្តីពេញចិត្ត ១ លាក់របស់ដែលមាន ១ របស់មានច្រើន ឲ្យតិច ១ មានរបស់ដែលថ្លៃថ្លា ឲ្យរបស់សៅហ្មង ១ ឲ្យដោយមិនគោរព មិនឲ្យដោយគោរព ១
ID: 636854873306493201
ទៅកាន់ទំព័រ៖