ព្រះត្រៃបិដក ភាគ ៤៩
ព្រះអរហន្ត លះបង់ទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ វៀរចាកទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប គឺលើគ្រែតូចក្តី លើកម្រាលស្មៅក្តី ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ ក៏លះបង់ទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ វៀរចាកទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ សម្រេចទីដេកដ៏ទាប គឺលើគ្រែតូចក្តី លើកម្រាលស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ យកតម្រាប់ព្រះអរហន្តផង អាត្មាអញ នឹងរក្សាឧបោសថ ដោយអង្គនេះឯង ឧបោសថប្រកបដោយអង្គទី ៨ នេះ ដូច្នេះ បុគ្គលមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស ទី១ ទី២ ទី៣ ទី៤ ក៏ដូច ៗ គ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តាធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ឧបោសថប្រកបដោយអង្គទី ៩ នេះដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៩ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានតេជះច្រើន មានការផ្សាយទៅច្រើន យ៉ាងនេះឯង។
ID: 636854873879345967
ទៅកាន់ទំព័រ៖