ព្រះត្រៃបិដក ភាគ ៤៩
ទើបបានទៅកើត ក្នុងពួកថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនផ្សេង ៗ ទៀត ចូលមករកតថាគត បានពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត បានចូលមកកាន់ផ្ទះរបស់យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ បានក្រោកទទួលផង ថ្វាយបង្គំផង បានប្រគេនអាសនៈផង តែមិនបានចាត់ចែង តាមសមគួរដល់យសស័ក្តិ តាមសមគួរដល់កម្លាំង។បេ។ ចាត់ចែងតាមសមគួរដល់យសស័ក្តិ តាមសមគួរដល់កម្លាំងហើយ តែមិនបានចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ បានចូលទៅអង្គុយជិត ដើម្បីស្តាប់ធម៌ហើយ តែមិនបានផ្ចង់ត្រចៀកស្តាប់ធម៌ បានផ្ចង់ត្រចៀកស្តាប់ធម៌ហើយ តែថាស្តាប់ធម៌ហើយមិនបានចាំទុក បានស្តាប់ធម៌ចាំទុកហើយ តែថាមិនបានពិចារណាសេចក្តីនៃធម៌ដែលចាំទុក ពិចារណាសេចក្តីនៃធម៌ដែលចាំទុកបានហើយ តែថាយល់អត្ថ យល់ធម៌ហើយ មិនបានប្រតិបត្តិធម៌ តាមសមគួរ ដល់ធម៌ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិនបរិបូណ៌ គួរឲ្យមានសេចក្តីស្តាយ ក្តៅក្រហាយខាងក្រោយ ទើបទៅកើតក្នុងពួកថោក ទាប។
ID: 636854874400585780
ទៅកាន់ទំព័រ៖