ព្រះត្រៃបិដក ភាគ ៤៩
កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះស្រាយមិនបរិបូណ៌ តថាគតពោលថា នេះមិនមែនជាគុណរបស់ភិក្ខុនោះទេ ទាំងជាអ្នកឆ្នែងលាភចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះមិនមែនជាកំពស់ និងទំហំរបស់ភិក្ខុនោះទេ។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈ អ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌ដោយកំពស់ និងទំហំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង តែមិនបរិបូណ៌ដោយកំពស់ និងទំហំ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះស្រាយរួច មិនទើសទាល់ឡើយ តថាគតពោលថា នេះជាគុណរបស់ភិក្ខុនោះ ប៉ុន្តែជាអ្នកឆ្នែងលាភចំពោះចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះមិនមែនជាកំពស់ និងទំហំរបស់ភិក្ខុនោះទេ។
ID: 636854877008764959
ទៅកាន់ទំព័រ៖