ព្រះត្រៃបិដក ភាគ ៤៩
លុះត្រេចទៅបិណ្ឌបាត ក្នុងជន្តុគ្រាមហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត រួចក៏ចូលទៅរកឆ្នេរស្ទឹងកិមិកាឡា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំពុងដើរចង្រ្កមតាមលំដាប់ ត្រេចទៅតាមលំដាប់ ដើម្បីសម្រាកស្មង ទៀបឆ្នេរស្ទឹងកិមិកាឡា បានឃើញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ លុះឃើញហើយ ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា ជាទីត្រេកអរ ឱហ្ន៎ ព្រៃស្វាយនេះ គួរដល់ការតាំងព្យាយាមរបស់កុលបុត្រ អ្នកត្រូវការដោយការតាំងព្យាយាម ប្រសិនបើព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យអាត្មាអញ អាត្មាអញនឹងមកកាន់ព្រៃស្វាយនេះ ដើម្បីតាំងសេចក្តីព្យាយាម។ ប្រសិនបើ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងសេចក្តីព្យាយាម។ កាលបើព្រះមេឃិយៈដ៏មានអាយុ ពោលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះមេឃិយៈដ៏អាយុដូច្នេះថា ម្នាលមេឃិយៈ អ្នកចូរបង្អង់សិនចុះ កុំអាល ដ្បិតតថាគត តែម្នាក់ឯង ទម្រាំមានភិក្ខុណាមួយឯទៀត មកប្រាកដសិន (សិមអ្នកទៅចុះ)។ ព្រះមេឃិយៈដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ ២ ដងដូច្នេះថា
ID: 636854847505827488
ទៅកាន់ទំព័រ៖