ព្រះត្រៃបិដក ភាគ ៤៩
គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តបានតែសំដែងធម៌ ដល់ភិក្ខុទាំងឡាយយ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះចន្ទិកាបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមក ជាគំរប់បីដងទៀតថា ម្នាលអាវុសោទាំងឡាយ ទេវទត្តសំដែងធម៌ ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636854883243501566
ទៅកាន់ទំព័រ៖