ព្រះត្រៃបិដក ភាគ ៤៩
សតិប្បដ្ឋានវគ្គ ទី២
[៦៣] ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខាមានកំឡាំងថយនេះ មាន ៥ យ៉ាង។ ហេតុនៃសិក្ខាមានកំឡាំងថយ ៥ យ៉ាង តើអ្វីខ្លះ។ គឺ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខាមានកំឡាំងថយនេះមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនសតិប្បដ្ឋាន ៤ ដើម្បីលះបង់នូវហេតុនៃសិក្ខាមានកំឡាំងថយ ៥ យ៉ាងនេះឯង។ សតិប្បដ្ឋាន ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ១ ក្នុងវេទនាទាំងឡាយ ១។បេ។ ក្នុងចិត្ត ១ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ នេះ ដើម្បីលះបង់នូវហេតុនៃសិក្ខាមានកំឡាំងថយ ៥ យ៉ាងនេះឯង។
ID: 636854910763885642
ទៅកាន់ទំព័រ៖