ព្រះត្រៃបិដក ភាគ ៤៩
វគ្គទី ៥
[៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនធម៌ ៩ យ៉ាង ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺសេចក្ដីសំគាល់ថាមិនល្អ ១ សេចក្ដីសំគាល់ ដោយមរណានុបស្សនាញាណ ១ សេចក្ដីសំគាល់ក្នុងអាហារ ថាជារបស់គួរខ្ពើម ១ សេចក្ដីសំគាល់ក្នុងលោកទាំងពួងថា មិនគួរត្រេកអរ ១ សេចក្ដីសំគាល់ថា មិនទៀង ១ សេចក្ដីសំគាល់ក្នុងរបស់ដែលមិនទៀង ថាជាទុក្ខ ១ សេចក្ដីសំគាល់ក្នុងរបស់ដែលជាទុក្ខ ថាមិនមែនរបស់ខ្លួន ១ សេចក្ដីសំគាល់នូវរបស់ដែលត្រូវលះបង់ ១ សេចក្ដីសំគាល់ថា គួរនឿយណាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនធម៌ ៩ យ៉ាងនេះ ដើម្បីដឹងច្បាស់នូវរាគៈ។
[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនធម៌ ៩ យ៉ាង ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១ នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនធម៌ ៩ យ៉ាងនេះឯង ដើម្បីដឹងច្បាស់នូវរាគៈ។
ID: 636854914956155426
ទៅកាន់ទំព័រ៖