ព្រះត្រៃបិដក ភាគ ៤៩
សត្តាវាសវគ្គ ទី៣
[២១] ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីប ខ្ពង់ខ្ពស់ ហួសពួក ទេវតាជាន់តាវត្តឹង្សផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺមិនមានសេចក្តីអន្ទះសា ១ មិនមានសេចក្តីហួងហែង ១ មានអាយុទៀង មានកំណើតដ៏វិសេស ១។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនៅក្នុងឧត្តរកុរុទី្វប តែងខ្ពង់ខ្ពស់ ហួសពួកទេវតាជាន់តាវត្តឹង្សផង និងពួកមនុស្សអ្នកនៅក្នុង ជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាន់តាវត្តឹង្ស ខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺអាយុជាទិព្វ ១ សម្បុរជាទិព្វ ១ សេចក្តីសុខជាទិព្វ ១។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាន់តាវតឹ្តង្ស តែងខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីប ខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកទេវតាជាន់តាវតឹ្តង្សផង ដោយស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។
ID: 636854876228500331
ទៅកាន់ទំព័រ៖