ព្រះត្រៃបិដក ភាគ ០៥
គឺគ្រាន់តែប៉ះត្រូវ។ ពាក្យថា ត្រេកអរនឹងការឱបរឹត គឺភិក្ខុនីត្រេកអរនឹងការចាប់ខ្លួនឱបរឹត។ ពាក្យថា ភិក្ខុនីនេះក្តី គឺតថាគតប្រៀបផ្ទឹមគ្នានឹងពួកភិក្ខុនីមានហើយក្នុងកាលមុន។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា បុរសដែលដាច់ក្បាល មិនអាចដើម្បីរស់នៅ ដោយការតភ្ជាប់សរីរនោះវិញ យ៉ាងណាមិញ ភិក្ខុនីដែលមានតម្រេក កាលបើចូលចិត្តនឹងស្ទាបក្តី អង្អែលក្តី កាន់ក្តី ពាល់ក្តី ឱបរឹតក្តី ខាងក្រោមតាំងពីដងកាំបិតចុះមក ខាងលើតាំងពីមណ្ឌលនៃជង្គង់ឡើងទៅ នៃបុរសបុគ្គលដែលមានតម្រេកដែរ ក៏មិនមែនជាសមណី មិនមែនជាសក្យធីតាឡើយ ភិក្ខុនីនោះ តថាគតហៅថា ត្រូវអាបត្តិបារាជិក ដោយហេតុនោះឯង។ ពាក្យថា ជាស្រីមិនមានសំវាស សេចក្តីថា ដែលហៅថាសំវាស (នោះ) គឺសង្ឃកម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សភាពជាបុគ្គលមានសិក្ខាស្មើគ្នា នេះហៅថាសំវាស សំវាសនោះ មិនមានមួយអន្លើដោយភិក្ខុនីនោះទេ ព្រោះហេតុដូច្នោះ ទើបតថាគតហៅថា ជាស្រីមិនមានសំវាស (គឺមិនមានកិរិយារួបរួមជាមួយនឹងសង្ឃ)។
ID: 636790992661068012
ទៅកាន់ទំព័រ៖