ព្រះត្រៃបិដក ភាគ ០៥
ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ប្តូរចីវរនឹងភិក្ខុនីផងគ្នា ហើយភិក្ខុនីនោះត្រឡប់ពោលយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ណ្ហើយចុះ លោកចូរយកចីវររបស់លោកទៅវិញចុះ លោកចូរឲ្យចីវរនោះមកខ្ញុំវិញ ចីវរណារបស់លោក ចីវរនោះជារបស់លោកដដែល ចីវរណារបស់ខ្ញុំ ចីវរនោះជារបស់ខ្ញុំដដែលវិញ លោកចូរឲ្យចីវរនោះមកខ្ញុំ លោកចូរនាំយកចីវររបស់លោកទៅវិញចុះ (ហើយ)ដណ្តើមយកឯងក្តី ប្រើគេឲ្យដណ្តើមយកក្តី ត្រូវនិស្សគ្គិយបាចិត្តិយ។
[១០៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា នឹងភិក្ខុនីផងគ្នា គឺមួយអន្លើដោយភិក្ខុនីដទៃ។ ដែលហៅថា ចីវរ គឺចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតដែលគួរវិកប្បបាន។ ពាក្យថាប្តូរ គឺប្តូរនូវចីវរថ្លៃច្រើនដោយចីវរថ្លៃតិចក្តី នូវចីវរថ្លៃតិចដោយចីវរថ្លៃច្រើនក្តី។ ពាក្យថាដណ្តើមយកឯង គឺភិក្ខុនីដណ្តើមខ្លួនឯង ចីវរនោះជានិស្សគ្គិយ។ ពាក្យថា ប្រើគេឲ្យដណ្តើមយក គឺភិក្ខុនីបង្គាប់អ្នកដទៃ ត្រូវអាបត្តិទុក្កដ ភិក្ខុនីបង្គាប់តែម្តង អ្នកទទួលបង្គាប់ដណ្តើមច្រើនដង ចីវរនោះជានិស្សគ្គិយ
ID: 636791164116574706
ទៅកាន់ទំព័រ៖