ព្រះត្រៃបិដក ភាគ ០៥
សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ ជារបស់សង្ឃ ត្រូវនិស្សគ្គិយបាចិត្តិយ។
[១១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដោយបរិក្ខារដែលទាយកប្រគេនដើម្បីប្រយោជន៍វត្ថុដទៃ គេឧទ្ទិសដើម្បីវត្ថុដទៃ គឺទាយកគេឲ្យដើម្បីវត្ថុដទៃ។ ពាក្យថា ជារបស់សង្ឃ គឺទាយកប្រគេនចំពោះតែសង្ឃ មិនចំពោះគណៈ មិនចំពោះភិក្ខុនី១រូបទេ។ ពាក្យថា ឲ្យគេទិញរបស់ដទៃ គឺរបស់ដែលទាយកឲ្យដើម្បីប្រយោជន៍វត្ថុណា ហើយភិក្ខុនីវៀរលែងវត្ថុនោះ ឲ្យគេទិញរបស់ដទៃវិញ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលឲ្យទិញ របស់នោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុនីត្រូវលះរបស់នោះដល់សង្ឃក៏បាន គណៈក៏បាន ភិក្ខុនី១រូបក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះវត្ថុនោះយ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ វត្ថុដទៃនេះ ខ្ញុំឲ្យគេទិញដោយបរិក្ខារដែលទាយកគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ ឲ្យចំពោះវត្ថុដទៃ ជារបស់សង្ឃ (របស់នេះ) ជានិស្សគ្គិយ ខ្ញុំសូមលះវត្ថុនេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌនេះ)។
ID: 636791168278742768
ទៅកាន់ទំព័រ៖