ព្រះត្រៃបិដក ភាគ ០៥
ប្រគេនសំពត់សម្បកឈើដល់ថុល្លនន្ទាភិក្ខុនី រួចទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំថុល្លនន្ទាភិក្ខុនី ធ្វើប្រទក្សិណចៀសចេញទៅ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីទាំងនេះមានសេចក្តីប្រាថ្នាធំ គ្មានសន្តោស មិនសមបើនឹងសុំសំពត់សម្បកឈើអំពីស្តេចសោះ។ ពួកភិក្ខុនី ឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងសុំសំពត់សម្បកឈើអំពីស្តេចសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី សុំសម្ពត់សម្បកឈើពីស្តេច ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងសូមសំពត់សម្បកឈើអំពីស្តេចទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនី កាលចាត់ចែងសម្ពត់ដណ្តប់ ដែលមានសាច់ស្តើង ត្រូវចាត់ចែងបានតែសម្ពត់ដែលមានដំឡៃត្រឹមបួនកហាបណៈបីដងដោយកន្លះ បើចាត់ចែងឲ្យលើសពីកំណត់នោះទៅ ត្រូវនិស្សគ្គិយបាចិត្តិយ។
ID: 636791176046267045
ទៅកាន់ទំព័រ៖