ព្រះត្រៃបិដក ភាគ ០៥
[១៤៣] ដែលហៅថា សំពត់ដណ្តប់មានសាច់ស្តើង គឺសំពត់ណាមួយសម្រាប់ដណ្តប់ក្នុងរដូវក្តៅ។ ត្រង់ពាក្យថា កាលចាត់ចែង គឺកាលសូម។ ពាក្យថា ត្រូវចាត់ចែងបានតែសំពត់ដណ្តប់មានដំឡៃត្រឹមបួនកហាបណៈបីដងដោយកន្លះ សេចក្តីថា ត្រូវសូមបានតែសំពត់ដែលមានដំឡៃ១០កហាបណៈ។ ពាក្យថា បើចាត់ចែងឲ្យលើសកំណត់នោះទៅ សេចក្តីថា ភិក្ខុនីសូមឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលសូម សំពត់នោះជានិស្សគ្គិយក្នុងពេលដែលបានមក។ ភិក្ខុនីត្រូវលះបង់ដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់ភិក្ខុនី១រូបក៏បាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រលោកម្ចាស់ សំពត់ដណ្តប់ដែលមានសាច់ស្តើងនេះ មានដំឡៃលើសពីបួនកហាបណៈបីដងដោយកន្លះជាកំណត់ ខ្ញុំបានសុំមកហើយ ជានិស្សគ្គិយ ខ្ញុំសូមលះបង់សំពត់នេះដល់សង្ឃ។ (ពាក្យតពីនេះទៅ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃនិស្សគ្គិយកណ្ឌ)។
[១៤៤] សំពត់ដណ្តប់មានដំឡៃលើសពីបួនកហាបណៈ៣ដងដោយកន្លះ ភិក្ខុនីសំគាល់ថាលើសមែន ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។ សំពត់ដណ្តប់មានដំឡៃលើសពីបួនកហាបណៈ៣ដងដោយកន្លះ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយសូម ត្រូវនិស្សគ្គិយបាចិត្តិយ។
ID: 636791176410057853
ទៅកាន់ទំព័រ៖